សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះមាតាបិតា និងអាណាព្យាបាលសិស្សគ្រប់រូប ដែលតែងតែគាំទ្រ និងសហការ ជាមួយសាលា រហូតមកដល់ពេលបច្ចុប្បន្ននេះ។
នៅក្នុងខែមករានេះ សាលាJICLAបានប្រារព្ធកម្មវិធីដូចជា កម្មវិធីទស្សនកិច្ចម៉ោងសិក្សារបស់កម្រិតបឋម-អនុវិទ្យាល័យ បទបង្ហាញទៅកាន់ អាណាព្យាបាលរបស់កម្រិតមត្តេយ្យ ការហាត់សមជម្លៀសខ្លួនពីគ្រោះអគ្គីភ័យជាដើម។ ជាពិសេស ការហាត់សមជម្លៀសខ្លួន គឺជាកម្មវិធីដ៏សំខាន់ សម្រាប់ការពារជីវិតរបស់សិស្សានុសិស្ស។ ពិតប្រាកដណាស់ការដែលមិនមានភ្លើងឆេះ ឬគ្រោះថ្នាក់អ្វីទាំងអស់កើតឡើងនោះគឺសំខាន់ជាងគេ ក៏ប៉ុន្តែ ត្រូវការហាត់សមជាមុនដើម្បីការពារជីវិតខ្លួនឯងបាន!
ពេលនៅផ្ទះ សូមសាកសួរ ឬពិភាក្សាជាមួយកូនៗ អំពីរបៀបដែលពួកគេនឹងដោះស្រាយបែបណា ប្រសិនបើមានភ្លើងឆេះ នៅក្បែរនោះ។ សូមអរគុណ!!
ស្ថានភាពកុមារកម្រិត១
① ក្នុងឱកាសរីករាយបុណ្យចូលឆ្នាំសកលតាមប្រពៃណីជប៉ុនគឺតែងលេងល្បែងជាច្រើនដូចជាសរសេរអក្សផ្ចង់ ធ្វើនំម្សៅដំណើប ការលេងវូ បង្ហោះខ្លែង ...ជាដើម។ កុមារផ្នែកមត្តេយ្យក៏បានធ្វើសកម្មភាពខ្លះៗទាក់ទងនឹងប្រពៃទំនៀមទំលាប់ប្រទេសជប៉ុននៅថ្ងៃចូលឆ្នាំសកលផងដែរ។
ថ្នាក់សាគូរ៉ា ៖ បានទទួលបានបទពិសោធន៍ថ្មី គឺការបុកម្សៅ "ធ្វើនំម៉ូឈី" ដោយប្រើត្បាល់ និងអង្រែ រួចលញ់ដោយដៃជាដើម។
ថ្នាក់អាជីសៃ៖ បានសាកល្បងសរសេរអក្សរផ្ចង់ជប៉ុន ដោយប្រើជក់ និងទឹកខ្មៅដែលហៅឈ្មោះជាភាសាជប៉ុនថា (kakizome)។
② កុមារបានរៀនធ្វើបាយពូតបែបជប៉ុន ដែលម្នាក់ៗពិតជាមានភាពសប្បាយក្នុងការពូត និងបានព្យាយាមពូត ឱ្យទៅជារាងបាយរាងត្រីកោណដូចបាយ Onigiri ព្រមទាំងចូលចិត្តញុាំណាស់។ ម្នាក់ៗបានស្រែកថាឆ្ងាញ់ និងនិយាយថាចង់ញុាំទៀត។
③ ផ្នែកមត្តេយ្យក៏បានបន្ថែមនូវសម្ភារៈលេងទំនើបសម្រាប់កុមារជាច្រើនដែលទើបបានផ្ញើមកពីប្រទេសជប៉ុន។ កុមារពិតជាមានភាពត្រេកអរ និងមាន ភាពរំភើបជាខ្លាំងជាមួយនឹងសម្ភារៈលេងថ្មី។ តាមរយៈការលេងសម្ភារៈទាំងអស់នោះមិនត្រឹមតែផ្តល់ភាពប្បាយដល់កុមារទេ ថែមទាំងជួយបង្កើននូវការ គិត ស្រមើលស្រមៃ ការស្រាវជ្រាវ ការច្នៃប្រឌិត បង្កើនភាពឆ្លាតវៃ និងការអភិវឌ្ឍខួរក្បាលរបស់កុមារបានយ៉ាងល្អថែមទៀតផង។
ស្ថានភាពកុមារកម្រិត២
សិស្សានុសិស្សនៅក្នុងកម្រិត២ បានពិភាក្សាគ្នា និងកំណត់គោលដៅសម្រាប់ “សាបាយ ចាឡេនជ៍” ប្រចាំខែមករា។ គោលដៅសម្រាប់ខែ នេះគឺ «យកកិច្ចការផ្ទះមករៀនរាល់ថ្ងៃ»។
រហូតមកដល់ខែមុន នៅថ្នាក់ទី៣ មានថ្ងៃជាច្រើនដែលសិស្សលើសពីពាក់កណ្តាលភ្លេចយកកិច្ចការផ្ទះមកសាលា។ ប៉ុន្តែក្រោយពីសិស្សបាន កំណត់គោលដៅដោយខ្លួនឯងមានថ្ងៃជាច្រើនដែលសិស្សទាំងអស់អាចដាក់ស្នើកិច្ចការផ្ទះបានគ្រប់គ្នា។ តទៅមុខ សិស្សថ្នាក់ទី៣ នឹងបន្តសហការគ្នា ដើម្បីក្លាយជាគំរូល្អសម្រាប់ថ្នាក់ផ្សេងៗទៀត។
សិស្សថ្នាក់ទី១ បានរីកចម្រើនទាំងផ្នែករាងកាយ និងចិត្តគំនិត បើប្រៀបធៀបទៅនឹងពេលចូលរៀននៅខែតុលា។ សិស្សបានរៀនអំពីវប្បធម៌ ឆ្នាំថ្មីរបស់ប្រទេសជប៉ុន ហើយបានអនុវត្តសកម្មភាពសរសេរកាតសួស្តីឆ្នាំថ្មី ដើម្បីផ្ញើជូនមិត្តសំខាន់ៗ និងបងប្អូនរបស់ខ្លួន។ សិស្សដែលបានទទួលកាត សួស្តីឆ្នាំថ្មី មានអារម្មណ៍រីករាយយ៉ាងខ្លាំង!
សិស្សថ្នាក់ទី២ បានរៀនពាក្យភាសាជប៉ុនថ្មីៗជាច្រើន ហើយកំពុងប្រឹងប្រែងសរសេរ អាន និងនិយាយយ៉ាងសកម្ម។ក្នុងម៉ោងរៀនវិទ្យាសាស្ត្រ កុមារបានសិក្សាអំពីការបែងចែកសំរាម។ ដោយបានធ្វើផ្ទាំងបង្ហាញដោយខ្លួនឯង ទោះបីជាមិនទាន់ល្អឥតខ្ចោះក៏ដោយ កុមារបានចាប់ផ្តើមអនុវត្តការ បែងចែកសំរាមក្នុងជីវិតប្រចាំថ្ងៃបន្តិចម្តងៗ។
សិស្សថ្នាក់ទី៣ បានអនុវត្តការពិសោធន៍តម្រងទឹកក្នុងមេរៀនវិទ្យាសាស្ត្រ និងបានចូលរួមកម្មវិធីជួបជុំតាមអនឡាញជាមួយសមាជិក CIESF Fan Club។ យើងបានឃើញសិស្សគិតពិចារណា និងប្តូរយោបល់គ្នាអំពី «តើត្រូវធ្វើដូចម្តេចដើម្បីធ្វើឲ្យទឹកស្អាត» ហើយក៏បានឃើញសិស្សខិតខំ និយាយជាភាសាជប៉ុន ដែលពួកគេបានរៀនយ៉ាងយកចិត្តទុកដាក់ផងដែរ។
នៅថ្ងៃទី៦ ខែកុម្ភៈ សិស្សនឹងធ្វើដំណើរកម្សាន្តជាផ្នែកមួយនៃសកម្មភាពផ្នែកទី២ ទៅកាន់ក្រុមបាល់ទាត់កម្ពុជា «Phnom Penh Crown»។ យើងសង្ឃឹមថា សិស្សនឹងរៀនមិនត្រឹមតែអំពីការឈ្នះ ឬចាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអំពីដំណើរការខិតខំប្រឹងប្រែង និងចិត្តមិនចុះចាញ់ រហូតដល់ចុងក្រោយផងដែរ។
សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងកក់ក្តៅពីគ្រួសារ។ សូមបន្តគាំទ្រកុមាររបស់យើងជានិច្ច។
ស្ថានភាពកុមារកម្រិត៣
・ថ្នាក់ទី៤និងថ្នាក់ទី៥ មានគម្រោងធ្វើដំណើរទស្សនៈកិច្ចសិក្សាទៅកាន់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ហៅកាត់ថា CJCC ដើម្បីចូលរួម ក្នុងកម្មវិធី មហោស្រពគីហ្សូណាកម្ពុជា-ជប៉ុន ឆ្នាំ២០២៦ ។ ដែលក្នុងនោះ សិស្សានុសិស្សទាំងពីរថ្នាក់នឹងត្រូវទទួលបន្ទុករៀបចំសកម្មភាពកម្សាន្ត ផ្សេងៗផងដែរ។ ថ្នាក់ទី៤ទទួលបន្ទុកកម្មវិធី “សាកល្បងធ្វើបន្តោងស្លាកឈ្មោះរបស់អ្នកជាភាសាជប៉ុន ជាមួយសិស្សរបស់ JICLA” ។
・ថ្នាក់ទី៥ ទទួលបន្ទុក “រៀនគូរគំនូរលម្អក្បាច់ចក ទស្សនាការច្រៀងចម្រៀងខ្មែរ និងរាំរបាំជប៉ុនជាមួយសិស្ស JICLA” ទទួលបន្ទុកដោយសិស្ស ថ្នាក់ទី៥។សិស្សានុសិស្សទាំងពីរថ្នាក់កំពុងប្រឹងប្រែង ហ្វឹកហាត់ និងរៀបចំផ្សេងៗដើម្បីចូលរួមកម្មវិធី។ កម្មវិធីនៅសាធារណៈជនអាចចូលរួមដោយសេរី ហើយអាណាព្យាបាលគ្រប់រូបក៏អាចចូលរួមដើម្បីគាំទ្រដល់កូនៗផងដែរ។ គួរបញ្ជាក់ផងដែរថា កម្មវិធីដែលសិស្សានុសិស្សថ្នាក់ទី៤ និងថ្នាក់ទី៥ ទទួល បន្ទុកនឹងត្រូវប្រារព្ធឡើងថ្ងៃសុក្រ ទី៦ ខែកុម្ភៈឆ្នាំ២០២៦ នៅបន្ទប់លេខ៤ ( Krom Kgoy Room 4)។សូមអញ្ជើញចូលរួមឱ្យបានច្រើនកុះករ។
・ថ្នាក់ទី៦ កាលពីថ្ងៃសុក្រ ទី៩ខែមករា សិស្សានុសិស្សថ្នាក់ទី៦ និងថ្នាក់ទី៧ បានចូលរួមលេងបាល់ទាត់ជាមួយកីឡាករមកពីក្លឹប Phnom Penh Crown យ៉ាងសប្បាយរីករាយ។ ដែលសិស្សានុសិស្សថ្នាក់ទី៦បានពិភាក្សាគ្នាក្នុងការកំណត់ក្រុម ដើម្បីប្រកួតផ្ទាល់ជាមួយកីឡាករ។ សិស្សានុសិស្ស ទាំងអស់បានខិតខំប្រឹងប្រែងយ៉ាងស្វាហាប់ ក្នុងការប្រកួតជាមួយកីឡាករ បន្ទាប់ពីការប្រកួតចប់ក៏មានការសំណេះសំណាលគ្នាក្រោមបរិយាកាសដ៏ រីករាយ និងសាមគ្គីភាព។
ស្ថានភាពកុមារកម្រិត៤
កាលពីថ្ងៃទី២០ ខែធ្នូ មានការរៀបចំធ្វើហ្វឹកហ្វឺនបង្ការអគ្គិភ័យ។ ការហ្វឹកហ្វឺននេះត្រូវបានធ្វើឡើងក្រោមសេណារីយ៉ូថាមានអគ្គិភ័យកើតឡើង នៅក្នុងបន្ទប់ពិសោធន៍វិទ្យាសាស្ត្រ។ នៅពេលនោះ គឺចំពេលដែលសិស្សានុសិស្សថ្នាក់ទី៧ កំពុងសិក្សានៅក្នុងបន្ទប់ពិសោធន៍នោះតែម្តង។ នៅពេល កណ្ដឹងប្រកាសអាសន្នបន្លឺឡើង ក៏មានការប្រកាសតាមឧគ្ឃោសនសព្ទអំពីការកើតមានអគ្គិភ័យ។ ទោះបីវាជាការហ្វឹកហ្វឺនក៏ដោយ ក៏ប្អូនៗទាំងអស់គ្នា បានចូលរួមយ៉ាងម៉ឺងម៉ាត់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «O-Ha-Shi-Mo-Chi» ដែលមានន័យជាខ្មែរថា «កុំរុញ កុំរត់ស្លន់ស្លោភ្លេចមុខក្រោយ កុំនិយាយ កុំមកកន្លែងកើតហេតុវិញ កុំទៅជិត»។ នៅពេលដែលគ្រប់គ្នាបានមកជួបជុំគ្នានៅទីធ្លាទី៣របស់សាលា លោកគ្រូនាយករងបានមាន ប្រសាសន៍ថា៖ «អ្វីដែលយើងមិនអាចធ្វើបាននៅក្នុងការហ្វឹកហ្វឺន យើងក៏មិនអាចធ្វើបានដែរនៅក្នុងស្ថានភាពជាក់ស្តែង»។ ប្រសិនបើមានអគ្គិភ័យកើត ឡើងពិតមែន ឬបើនៅប្រទេសជប៉ុនមានគ្រោះរញ្ជួយដីកើតឡើងនោះ យើងនឹងមានការភ័យស្លន់ស្លោ ហើយវាពិតជាពិបាកក្នុងការរក្សាភាពស្ងប់ស្ងាត់ ដើម្បីដោះស្រាយបញ្ហាណាស់។ ហេតុដូច្នេះហើយ ដើម្បីកុំឱ្យមានរឿងបែបនោះកើតឡើង វាជារឿងល្អដែលយើងត្រូវត្រៀមលក្ខណៈទុកជាមុនតាមរយៈ ការហ្វឹកហ្វឺនឱ្យបានច្បាស់លាស់ និងម៉ឺងម៉ាត់បែបនេះ។